កម្មវិធីប្រកួតកីឡាសាមគ្គី HRH2019 ដោយនិស្សិតអាហារូបករណ៏ព្រះរាជទានប្រទេសថៃឆ្នាំ២០១៩HRH ឆ្នាំ២០១៩ ដែលប្រព្រឹត្តឡើងនៅក្នុងអាគារផាលះ (อาคารพละ)ក្នុងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅមហាវិទ្យាល័យក្នុងខេត្ដមហាសារខាម ដែលមានការចូលរួមពីក្រុមបាល់ទាត់ចំនួន៦ក្រុមដែលហៅឈ្មោះទៅតាមពណ៌ក្រុមនិមួយបានប្រកួតគ្នាយ៉ាងសុីសាច់ហុតឈាមអង្គាមឆ្អឹងតាំងពីវគ្គចែកពូលរហូតដល់វគ្គផ្ដាច់ព្រាត់។ ក្នុងនោះដែរមានក្រុមបាល់ទាត់ពណ៌ក្រហមមួយបានចេញសង្គ្រាម Futsal ប្រឆាំងជាមួយនឹងក្រុមដែលរាំងស្ទះនៅខាងមុខ។ នៅវគ្គចែកក្រុម ក្រុមក្រហមធ្វើបានយ៉ាងល្អដោយយកឈ្នះក្រុមផ្សេងៗទាំង២ ហើយទទួលបានលេខ១នៅក្នុងពូល ប៉ុន្តែយ៉ាងណាក្ដីនៅពេលឡើងវគ្គបន្ទាប់គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានជួបជាមួយក្រុមកម្លាំងមនុស្សចាស់ពណ៌លឿង ការប្រកួតដ៏ឃោឃៅបំផុតនៅក្នុងពានរង្វាន់នេះ។ ការធ្វើសង្គ្រាម១៥នាទី២តង់បញ្ចប់ដោយលទ្ធផល ៤ទល់នឹង៤ (មិនទាន់រកអ្នកឈ្នះឃើញ) ក្រុមទាំង២រិះរកគ្រប់មធ្យោបាយដើម្បីយកឈ្នះក្រុមម្ខាងទៀត លុះដល់ពេលថែមម៉ោងកីឡាក្រុមទាំង២ហាក់បីដូចជាអស់កម្លាំងរៀងៗខ្លួនតែយ៉ាងណាក្ដីនៅតែខំប្រឹង ប្រឹងយ៉ាងណាដើម្បីរកជ័យជំនះជូន
ដល់ក្រុមរបស់ខ្លួន។ សមត្ថភាព អព្ភូតហេតុ និងសំណាងបានធ្វើឪ្យក្រុមក្រហមវ៉ាយយកជ័យជំនះទៅលើក្រុមលឿងបានដោយខ្សែប្រយុទ្ធពណ័ក្រហមស៊ុតពីចម្ងាយចូលទី ចំណែកឯខ្សែប្រយុទ្ធពណ៏លឿងបានត្រឹមស៊ុតបាល់កោងយ៉ាងល្អប៉ុន្តែប៉ះបង្គោលទីខ្ទាតចេញទៅក្រៅ ការប្រកួតក៏បញ្ចប់ទៅដោយលទ្ទផល ក្រហម៥ លឿង៤។
កីឡាករក្រុមក្រហមទាំងអស់ត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រដើម្បីជួបគូសត្រូវពណ៌សទាំងគ្មានកម្លាំងបន្តិចនៅក្នុងខ្លួន ប៉ុន្តែនៅតែស៊ូ ស៊ូក្នុងនាមជាអ្នកកីឡា។ ទាំងដឹងថានឹងចាញ់គូប្រកួតតែក្រុមក្រហមនៅតែដើរចូលទីលាន Futsal មិនព្រមលើកទង់ជ័យសឡើយ។ កីឡាករក្រុមក្រហមទាំងអស់រកសូម្បីតែកម្លាំងដើរទៅមុខស្ទើរតែគ្មានក៏បណ្ដោយឪ្យគូសត្រូវមានឪកាសរកគ្រាប់បាល់យ៉ាងងាយស្រួល ហើយពានក៏បានទៅដល់ក្រុមស។ នៅទីបញ្ចប់មានតែពាក្យថា Next year will be our year ពីព្រោះថាយើងពាក់អាវ liverpool អញ្ចឹងហើយ យើងបានត្រឹមជាជើងឯករង។
ទង់ជាតិខ្មែរបក់រវិចសន្ធឹងលើវេហា សូរសំនៀងចំរៀងយ៉ាងក្រលួចកួចដួងចិត្តនៅចុងបញ្ចប់នៃកម្មវិធីប្រកួតកីឡាសាមគ្គី HRH2019 ជាមួយនឹងចំណងដៃចម្រៀងច្រៀងរួមគ្នាមួយបទច្រៀងដោយនិស្សិតអាហារូបករណ៏ព្រះរាជទានឆ្នាំ២០១៩ក្រោមចំណងជើងថា”ទង់ជាតិខ្មែរ”។ សំនៀងសូរសៀងលាន់រំពងពោរពេញទៅដោយភាពសាមគ្គី ការគោរព ការស្រឡាញ់ដោយស្មោះអស់ពីចិត្តចំពោះជាតិមាតុភូមិ និង វប្បធម៌ជាតិខ្មែរបើទោះបីពួកយើងមកដល់ទីណាក៏ដោយ។យើងទាំងអស់នឹងមិនភ្លេចអត្តសញ្ញាណជាតិខ្មែរឡើយ ហើយ ប្រទេសមាតុភូមិតូចមួយនេះ នឹងនៅថិតថេរធំធេងគង់វង្សក្នុងបេះដូងរបស់ពួកយើងទាំងអស់គ្នាជាដរាប